ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប៩៨,៤០៥ គ.ម ក្រោមឥណទានសម្បទានពីធនាគារពិភពលោក (World Bank) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មការ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកានៃគណៈកម្មាធិការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារតាមបំណែកចែកការងារ មានចែងនៅក្នុងលិខិតបង្គាប់ការ។
ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈកម្មការ ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យសមាជិក សមាជិកា នៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុង ជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានបានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។
ជាមួយគ្នានេះដែរ អង្គប្រជុំបានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំង សមស្របជាក់ស្តែងនៅថ្ងៃទី២៩ មីនា ២០២៣ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការរៀបចំពិធី ដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អសម្រាប់អ្នកចូលរួមផងដែរ។
សូមជម្រាបជូនថា ពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ (ប្រធាតុ ខេត្តត្បូងឃ្មុំ – កំពង់រាំង ព្រំប្រទល់ខេត្តក្រចេះ) ផ្លូវខេត្តលេខ៣៧៧ (ក្រុងក្រចេះ – ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A (សណ្តាន់ – សង្គម ស្រុកសំបូរ ខេត្តក្រចេះ) មានប្រវែងសរុប ៩៨,៤០៥ គ.ម ក្រោមឥណទានសម្បទានរបស់ធនាគារ ពិភពលោក (World Bank) លេខ IDA Credit 6767 -KH គ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី០៤ មេសា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕






