ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្ដម Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរ សម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តម Mohammed Ismaeil A.Dahlwy បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីផងដែរថាដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាឱកាសនេះ គឺដើម្បីរិតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូច ជាចូលរួមអបអរសាទរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ ដែលប្រកបដោយសមត្ថភាព និងមានការប្តេជ្ញាខ្ពស់ ដើម្បីពន្លឿនការអភិវឌ្ឍប្រទេស និងគាំទ្រដល់វិស័យវិនិយោគនៅកម្ពុជា។
ទន្ទឹមនេះ ឯកឧត្ដមឯកអគ្គរាជទូត បានជម្រាបនូវគោលបំណង ក្នុងការធ្វើកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យមួយចំនួនដូចជា ប្រេង ថាមពល កសិកម្ម ចំណីអាហារ អាហារហាឡាល់ ការផ្តល់ហិរញ្ញវត្ថុ វិស័យកីឡា និងទេសចរណ៍ជាដើម។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណ ឯកឧត្តឯកអគ្គរាជទូត ដែលបានចូលជួបសម្តែងការគួរ សមនិងអបអរសារទររាជរដ្ឋាភិបាលថ្មី ព្រមទាំងបានជម្រាបជូនអំពីការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នក សម្របសម្រួលការវិនិយោគនៅប្រទេសកម្ពុជា ហើយក្រៅពីវិស័យនានាដែលឯកឧត្ដមឯកអគ្គរាជទូតបានលើកឡើង កម្ពុជាក៏អាចផ្ដល់កិច្ចសហការលើវិស័យមួយចំនួនទៀតដូចជាវិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ជាដើម ដោយក្នុងនោះប្រទេសទាំងពីរអាចពិនិត្យលទ្ធភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចវិនិយោគទៅវិញទៅមកដើម្បីទាក់ទាញ និងជួយឱ្យវិនិយោគិននៃប្រទេសទាំងពីរចាប់ដៃគ្នាធ្វើអាជីវកម្មផងដែរ៕
ដោយ៖ សំអាត និង ពិសិដ្ឋ






