(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)៖ក្មេងស្រីចំនួន៣នាក់ត្រូវបានស្រង់ ចេញ ពីទឹកត្រពាំងទឹកក្រោយភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ខណៈដែលនាំគ្នាចុះមុជទឹកត្រពាំងខាងក្រោយភូមិ មិនមានអ្នកណាដឹង បណ្តាលឱ្យលង់ទឹកស្លាប់។ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឧដុង្គបានឱ្យដឹងថាក្មេងស្រីរងគ្រោះ៣នាក់ ដែលលង់ទឹកត្រពាំងស្លាប់នោះមានឈ្មោះ ឈ្មោះ រ៉ី លីហៀង អាយុ ១១ឆ្នាំ , ម៉ាញ គីតា អាយុ១១ឆ្នាំ និង រ៉ី ថាន់វៃ អាយុ ១១ឆ្នាំក្មេងស្រីរងគ្រោះទាំង៣នាក់នេះ រស់នៅភូមិឃុំជាមួយគ្នា។ នគរបាលស្រុកឧដុង្គបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង៣នាក់បានបបួលគ្នាទៅជីកក្តាមតាមវាលស្រែ ដែលមេឃទើបតែកក់ខែដំបូង។ពេលដែលជីកក្តាម រួចហើយពួកគេ ក៏បាននាំគ្នាទៅមុជទឹកក្នុងត្រពាំងក្បែរនោះ,ដោយត្រពាំងទឹកនោះមានជំរៅជ្រៅ បណ្តាលឲ្យលង់ស្លាប់ទាំង៣នាក់តែម្តងទៅ។
ប្រភពព័ត៌មានពីនគរបាលបានបន្តទៀតថា ក្រោយបាត់មិនឃើញកូនៗ ឪពុក ម្តាយបាននាំគ្នាដើររកឃើញស្បែកជើងនៅមាត់ត្រពាំង ទើបនាំគ្នាចុះរាវក៏ប្រទះឃើញទាំង៣នាក់។
ក្រោយពីកើតហេតុកម្លាំងជំនាញបច្ចេកទេសស្រុកបានធ្វើកោសល្យវិច្ច័យ ព្រមទាំងមានការចូលរួមពីលោកមេឃុំបានបញ្ជាក់ផងដែរថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ប្រាកដមែន មិនមានពាក់ពន្ធ័ករណីផ្សេងឡើយ និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






