ក្រសួងបរិស្ថាន ប្ដេជ្ញាថា នឹងការពារសត្វដំរីក្នុងប្រទេសកម្ពុជាពីគំរាមរបស់មនុស្ស ដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការពារព្រៃអភិរក្សតំបន់ការ ពារធម្មជាតិ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរីអាស៊ី។
ការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានគឺ ក្នុងវគ្គបណ្តុះបណ្តាលជំនាញមួយស្តីពីវិធីសាស្ត្របច្ចេកទេសបំពាក់ប្រឡៅកដំរី ដើម្បីតាមដានបំលាស់ទីរបស់សត្វប្រភេទនេះ។
វគ្គបណ្តុះបណ្តាលជំនាញមួយស្តីពីវិធីសាស្ត្របច្ចេកទេសបំពាក់ប្រឡៅកដំរីដើម្បីតាមដានបំលាស់ទីរបស់សត្វនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងនៅទីតាំងនៃគម្រោង Elephant Valley Project ក្នុងខេត្តមណ្ឌលគិរី។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា បច្ចប្បន្នកម្ពុជាមានដំរីអាស៊ីចន្លោះពី ៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ចំណែកដំរីស្រុកមានប្រមាណ ៧០ក្បាល។
ក្រសួងបរិស្ថានប្ដេជ្ញាថា នឹងការពារសត្វដំរីក្នុងប្រទេសកម្ពុជាពីគំរាមរបស់មនុស្ស ដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការពារព្រៃ អភិរក្សតំបន់ការពារធម្មជាតិ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរីអាស៊ី។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ អះអាងដូច្នេះ៖«យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិនានា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។
វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុមអ្នកបរិស្ថាន»។
តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញយៈពេល៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែល៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជាច្រើនផងដែរ។
ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
ចំពោះមុខនៃការគំរាមកំហែងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ដាក់ចេញផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្ស សម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន៦។
ក្នុងនោះរួមមាន១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕





