សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាល ពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតឲ្យ លោក ថានីន ប្រធានជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP) ជាមួយក្រុមហ៊ុន Soma Group ចូលជួបសំដែងការគួរសម ដើម្បីស្វែងរក និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍថាមពលស្អាត និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-អាហាររួមបញ្ចូលគ្នានៅកម្ពុជា។ លោក ថានីន បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ពិសេសបានផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះអ្នកវិនិយោគិនទាំងអស់នៅកម្ពុជា។
នៅក្នុងជំនួបនោះដែរ លោក ថានីន បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន ពីគោលបំណងរបស់ក្រុមហ៊ុនលោក និងក្រុមហ៊ុន Soma Group ពីការផលិតថាមពលស្អាត ដោយមានគោលបំណងជំរុញគោលដៅរបស់ប្រទេសកម្ពុជា ស្តីពីអព្យាក្រឹតភាពកាបូន និងសន្តិសុខថាមពល។ លោក ថានីន មានប្រសាសន៍បន្តថា CP Group នឹងស្វែងរកឱកាសសម្រាប់គម្រោងវារីអគ្គិសនី និងថាមពលស្អាតផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។ ដោយឡែកលើ អាជីវកម្មកសិ-ម្ហូបអាហាររួមបញ្ចូលគ្នា ក្រុមហ៊ុន CP Group ប្តេជ្ញាធ្វើឱ្យប្រសើរឡើង នូវតម្លៃនៃវិស័យចំណីសត្វ កសិដ្ឋាន និងម្ហូបអាហារ នៅកម្ពុជា តាមរយៈការចែករំលែកជំនាញ និងបង្កើតការងារដល់ប្រជាជនកម្ពុជា។
ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមការងារផ្តោតលើការកែលម្អហ្សែនដំណាំ ដើម្បីបង្កើនទិន្នផលស្រូវ ពោត និងសណ្តែកសៀង និងលើការកែច្នៃដំណាំទាំងនេះទៅជាផលិតផលម្ហូបអាហារ ដែលមានតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់ ដែលស្របតាមស្តង់ដារអន្តរជាតិសម្រាប់គុណភាពម្ហូបអាហារ សុវត្ថិភាព និងអនាម័យ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវការវាយ តម្លៃខ្ពស់ ចំពោះទិសដៅនៃការវិនិយោគរបស់ក្រុមហ៊ុន CP Group និងក្រុមហ៊ុន Soma Group លើការផលិតថាមពលស្អាតនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនទាំងពីរ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសិក្សាលើការ ផលិតថាមពលស្អាតនៅកម្ពុជា ឲ្យដំណើរការប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលខ្ពស់៕







