សម្តេចតេជោ ស្នើឲ្យសន្និសីទ«ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២» ពិនិត្យ ពិភាក្ សាបញ្ហាប្រឈម ក្នុងការឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកំរិត ខ្ពស់នៅឆ្នាំ២០៣០ ត្បិតវិបត្តិសាកលកំពុងលេចឡើងនូវបញ្ហាជាច្រើន ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយមុន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានអត្រាកំណើនជាង៧% ក្នុងមួយឆ្នាំ។
ការណ៍នេះបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈ ពីប្រទេសមានការអភិវឌ្ឍតិចតួចទៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥។
រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យទាំងនេះអាចជួបប្រទះនឹងការរាំងស្ទះ ។
ជាការពិត នៅក្នុងឆ្នាំ ២០២០ ជំងឺដ៏កាចសាហាវនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែលជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ ចុងក្រោយនេះ។
សម្តេចតេជោ បានស្នើឲ្យសន្និសីទ«ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២» ពិនិត្យ ពិភាក្សាបញ្ហាប្រឈម ក្នុងការឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកំរិត ខ្ពស់នៅឆ្នាំ២០៣០។
សូមជម្រាបថា សេដ្ឋកិច្ចកម្ពុជាមានកំណើនវិជ្ជមានក្នុងអត្រា៣% នៅក្នុងឆ្នាំ ២០២១ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនវិជ្ជមាន ក្នុងរង្វង់អត្រា ៥% នៅក្នុងឆ្នាំ២០២២ និង៦% នៅក្នុងឆ្នាំ ២០២៣៕






