(ខេត្តព្រះវិហារ,ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចលេខ ០៩១/២១ សសរ ចុះថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ បិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ មិនឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងៗទៀត នៅក្នុង ដែនដីរដ្ឋបាលខេត្ត។ទន្ទឹមនេះ,រដ្ឋបាលខេត្ត ក៏បានប្រកាសរកឃើញ អ្នក វិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១២នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហ គមន៍២០កុម្ភៈ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។
នៅក្នុងសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញថា រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន ដែលស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលជាទីតាំងជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយចាប់គិតពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការជូន ដំណឹងសារជាថ្មី។
គិតត្រឹមថ្ងៃទី១៦កក្កដាឆ្នាំ២០២១ ខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ សរុបចំនួន ៣១៩នាក់ (ស្រី១៣២នាក់) និងមានអ្នកស្លាប់ ម្នាក់។ ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួនសរុប ១៨៨នាក់ (ស្រី ៨៦នាក់ និងកុមារី ៩នាក់)។
រដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេស អ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវប្រញាប់រួស រាន់ទៅយកសំណាក នៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យនៅក្នុង ខេត្តព្រះវិហារ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ៕
ដោយ៖សួន ពិសិដ្ឋ(កែសម្រួលដោយ មណ្ឌល កែវ)






