(ខេត្តស្វាយរៀង,ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២០)៖ នៅទីស្នាក់ការសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា បានទទួលអំណោយមនុស្ស ធម៌ ពីព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន អនុប្រធានកិត្តិយសសាខា ជាចៅ អធិការវត្តនន្ទមុន្នី ប្រធានផ្នែកពុទ្ធិកៈឧត្តមសិក្សា នៃក្រសួងធម្មការនិងសាសនា សមាជិកក្រុមប្រឹក្សាជាតិភាសារខ្មែរនៃរាជ្យបណ្ឌិតសភាកម្ពុជា នូវអង្ករចំនួន ១.០០០ គ.ក្រ និងមី ៣៩ កេស ថវិកា ២.០០០.០០០ រៀល ដល់សាខាសម្រាប់ ត្រៀម បម្រុងឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ ព្រះអង្គ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយកអំណោយទាំងនេះ ទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់ ។
ហើយបើយោងតាមរបាយការណ៍ពីអនុសាខាក្រុង ស្រុកទាំង ៨ ឃើញថា ព្រះអនុគណ និង មន្ត្រីសង្ឃនៅតាមវត្តក្នុងក្រុង ស្រុក និមួយៗតែងតែបានយកទេយ្យទានជាស្បៀង សម្ភារៈ និងថវិកា យកទៅ ប្រគល់ជូនដល់អនុសាខាដើម្បីដោះស្រាយឆ្លើយតបដល់ប្រជាពលរដ្ឋនៅតាមសហគមន៍បានទទួលលទ្ធផលល្អ ប្រសើរក្នុងចលនាកាកបាទក្រហមកម្ពុជា ។
ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សូមសំណូមពរដល់ព្រះតេជគុណ មន្ត្រីសង្ឃនៅតាមវត្ត បន្តជួយឧបត្ថម្ភនូវស្បៀង សម្ភារៈថវិកា ដល់សាខា អនុសាខាបន្តទៀត ដើម្បីចែកជូនប្រជាពលរដ្ឋយើងដែលជួបការលំបាក ខ្វះខាតនៅតាមសហគមន៍ ឲ្យបានទាន់ពេលវេលា ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ែន វិបុល ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមបួងសួងប្រគេនថ្វាយព្រះពរ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ ។
អំណោយរួមទាំងថវិកាដែលសប្បុរសជននានាដែលផ្តល់ជូនដល់សាខាកាកបាតក្រហមកម្ពុជា ឯកឧត្តមអភិបាលខេត្តនិងសន្យាថាអំណោយទាំងអស់នេះនឹងធ្វើការបែងចែកជូនដល់ដៃប្រជាពល រដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឲ្យបានទាន់ ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យ ទាន ។
ដោយ៖ ព្រហ្ម សាវ៉េត(កែសម្រួលដោយ មណ្ឌល កែវ)





