សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំគម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោល បំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជម្ងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋា ភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកា ប្រមាណពី ១០០ ទៅ ១៥០ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងនេះ។
កិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងក្នុងទីរួម ខេត្តសៀមរាបនេះ មានចំនួន៣៨ខ្សែ មានប្រវែង សរុប ៩៨,៣៤គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។
គម្រោងនេះគ្រោងនឹងសិក្សាសាង សង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណត រថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ ។

ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមកក្នុងការស្ថាប នាផ្លូវទូទាំងក្រុងសៀមរាប បែបនេះ ហើយនេះគឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋា ភិបាល ក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ថវិកាជាតិ ដល់ការកែលម្អហេដ្ឋា រចនា សម្ព័ន្ធដឹកជញ្ជូន នៅក្នុងក្រុងសៀមរាប ព្រមទាំងបានផ្តល់ទំនុកចិត្តដល់សម្តេចក្នុងការដឹកនាំគម្រោងនេះដោយផ្ទាល់ ដោយមានការចូលរួមជ្រោមជ្រែងពីក្រសួងជំនាញ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវមោទនភាពជាអនេកដែលរាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកា ក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនបែបនេះ ក្នុងស្ថានភាពកម្ពុជាក៏ដូចជា ពិភពលោក កំពុងប្រឈមនឹងជំងឺកូវីដ ១៩ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប សំដៅកែប្រែមុខមាត់ថ្មី នៃទឹកដីអង្គរ នៃយើងឱ្យកាន់តែមានភាពស្រស់បំព្រង និងកាន់តែមានភាពទាក់ទាញ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្ដេជ្ញាយ៉ាងមុតមាំថានឹងខិតខំប្រឹងប្រែងអនុវត្តគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងទីក្រុងសៀម រាបនេះ ឲ្យទទួលបានជោគជ័យតាមការ គម្រោងទុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈ កម្មការអន្តរ ក្រសួង ព្រមទាំងអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យមានការពិនិត្យឱ្យបានលម្អិតលើលក្ខណៈបច្ចេកទេសសាងសង់, គោរពតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិ ស័យឆ្នាំ២០៣៥ របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីកម្មថ្នាក់ជាតិ, ការសិក្សាឱ្យបានសព្វជ្រុង ជ្រោយលើតម្រូវការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាបទាំងមូលធ្វើជាផែនការ មេ ការសាងសង់ផ្លូវដែលមានលក្ខណៈតភ្ជាប់ពីចំណុចចាប់ផ្តើមដល់ចំណុចគោលដៅនីមួយៗ, ការជ្រើសរើសប្រតិបត្តិករសម្រាប់ការសាងសង់ដែលមានបទ ពិសោធន៍ សម្រាប់ការអនុវត្តការងារសាងសង់ មានគ្រឿងចក្រគ្រប់ គ្រាន់ និងមានទំនួលខុសត្រូវការងារខ្ពស់, ការសម្របសម្រួលឯកសារគម្រោង, ការគ្រប់គ្រងការដ្ឋានសាងសង់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍, ការកំណត់រយៈពេលសាងសង់ពី១២ ទៅ ១៤ខែ និងការត្រៀមរៀបចំដើម្បីបើកការដ្ឋានជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ជាដើម។
សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុម ការងារបច្ចេកទេសនៃ ក្រសួងទាំងពីរ ចុះពិនិត្យ សិក្សា និងធ្វើការវាយតម្លៃ បញ្ជាក់ឱ្យបានល្អិតល្អន់ លើស្ថានភាពជាក់ស្តែងផ្លូវទាំង ៣៨ខ្សែ ដែលបានស្នើឡើងនេះ ដើម្បីឈានទៅរកការ ឯកភាពគ្នា ក្នុងកម្រិតបច្ចេក ទេសរួមមួយ ដែលអាចធានា នូវការសាងសង់ផ្លូវប្រកប ដោយគុណភាពខ្ពស់ និងមាននិរន្តរភាពយូរអង្វែង។
អង្គប្រជុំបានសម្រេចឯកភាពគ្នាថា៖ ប្លង់នៃការសិក្សាលម្អិត និងផែនការនៃការអនុវត្តគម្រោងនេះ នឹងត្រូវបង្ហាញជូន ក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ដែលគ្រោងនឹងធ្វើឡើង នៅក្រុងសៀមរាប នាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ៕






