ខេត្ដកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះជីវិត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ដោយសារតែម៉ូតូ២គ្រឿងបុកគ្នា ចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៧និង២០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវលំមួយខ្សែរ ចំណុចខាងជើងផ្លូវកែង ក្នុងភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកថ្ពងបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា គូបសេ90ជ្រុង ពណ៌ទឹកប៊ិច គ្មានពាក់ស្លាកលេខនោះទេ បានបើកបរតាមបណ្តោយផ្លូវលំកក ក្នុងទិសដៅពីទិសខាងត្បូង ទៅទិសខាងជើង ដោយឈ្មោះ កែម គីម ភេទ ប្រុសអាយុ៤០ ឆ្នាំមុខរបរកសិករ រស់នៅភូមិត្រាចខ្ពស់ ឃុំជំពូព្រឹក ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មិនពាក់មួកសុវត្តិភាពនោះទេ លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅ បុកជាម៉ូតូ០១គ្រឿងទៀត ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខដូចគ្នា បើកបរពីទិសជើងទៅទិសខាងត្បូង ដោយឈ្មោះ ខន សុខេន ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិ ឃុំកើតហេតុខាងលើ ក៏គ្មានពាក់មួកសុវត្តិភាពដូចគ្នា បណ្តាលឲ្យរបួសធ្ងន់ធ្ងរទាំងសងខាង។
ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះទៅធ្វើការវាស់វែង ហៅរថយន្តសាមុយដឹកជនរងគ្រោះទៅព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គ្រោះជីវិតផងដែរ។ ជនរងគ្រោះទាំងពីរបានបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកនិយាយថា ចំពោះម៉ូតូ គុបសេ90ជ្រុង ខូចខាតស្រាល ឯម៉ូតូម៉ាក wawe ខូចខ្លាំង ដាច់ជាពីរកំណាត់ ក្រោយវាស់វែងនគរបាលជំនាញបានដឹកយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្ពង រង់ចាំដោះស្រាយនៅពេលក្រោយទៀត៕ អ៊ុ ណូន










