ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ កញ្ញានេះ បានបើកកិច្ចប្រជុំគណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាបន្ទាន់មួយ ដើម្បីអនុវត្តអោយមានប្រសិទ្ធភាពបំផុតទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទអោយអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមស្នងការ លោក មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានផ្សារផងដែរ ក្នុងគោល បំណងបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទអោយអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាមួយចាត់វិធានការចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានានៅក្នុងមូលដ្ឋានផងដែរ ពោលគឺត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតចាប់ពីយប់នេះតទៅ។
ឯកឧត្តម ឃួង ស្រេង បានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួចហើយកាលពីព្រឹកថ្ងៃ១៧កញ្ញានេះ ដោយឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការប្រមានដកតំណែងផងដែរ ។ ឯកឧត្តមបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋ បាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗ ដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កអោយមានបទល្មើស លួចឆក់ប្លន់។ ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវតែធ្វើឡើងអោយដូចភ្លៀង រលឹម។ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិចាំតែជួយអន្តរាគមន៍នៅពេលដែលយើង អនុវត្តមិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិចុះទៅបង្ក្រាបនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួន ឯងមិនបានបង្ក្រាបឬមិនបានដឹងនោះនឹងប្រឈមទៅនឹងការដកតំណែងហើយ។
គួររំលឹកថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញម្តងៗ លោកតែងបានបញ្ជាអោយកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌ១៤ បង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទអោយអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែការងារនេះ ក៏នៅតែសេសសល់ ដែលតម្រូវអោយកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌ១៤ បន្តបង្ក្រាប់អោយបានដូចភ្លៀងរលឹម។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ជាមួយនោះសម្តេតេជោ នូវបានព្រមានដកតំណែង អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសង រីកសាយភាយ ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង៕
ដោយះសំអាតនិងពិសិដ្ឋ