គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះសម្រេចវឌ្ឍនភាពការងារបាន ៨០% ហើយ ដែលក្នុងនោះរួមមាន៖ អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។ នេះជា ជាការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ទឹងបត់ កាលពីម្សិលម៉ិញ។
ក្នុងប្រជុំពិភាក្សាជាមួយគណៈប្រតិភូអញ្ជើញមកពីធនាគារពិភពលោក (World Bank) ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ លើប្រព័ន្ធលំហូរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ តាមរបត់ SSI (Single Stop Inspection) ឯកឧត្តម បណ្ឌិត យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ទឹងបត់ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានពន្យល់បន្ថែមអំពីចក្ខុវិស័យនៃគម្រោង។ ក្រសួងរំពឹងដែរថា បន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។ ធនាគារពិភពលោកបានលើកឡើងពីនីតិវិធី និងការសម្របសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែនតាមរយៈការអនុវត្តអនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូននៅក្នុងប្រទេស និងតំបន់។
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានអនុញ្ញាតិឱ្យតំណាងក្រុមហ៊ុនទីប្រឹក្សាគម្រោងធ្វើបទបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប ពីព័ត៌មានសំខាន់ៗ រួមមានដូចជា៖(១) ប្លង់ទិដ្ឋភាពរួមនៃគម្រោងទាំងមូល (២)វិសាលភាពនៃផ្ទៃដីទីតាំងគម្រោង (៣)ទំហំការងារ (៤)លំហូរនៃការពិនិត្យយានយន្តឆ្លងដែន (៥)បែបបទសម្រាប់យានយន្តចូល និង (៦) បែបបទសម្រាប់យានយន្តចេញ៕






