(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១)៖ បុរសម្នាក់បានរួចផុតពីសេចក្តី ស្លាប់ ដោយសារក្របីរបស់គាត់វធ័ក្នុងទឹកទន្លេ ខណៈកំពុងហែលចម្លងហ្វូងក្របីរបស់គាត់ពី ត្រើយម្ខាងយកមកផ្ទះវិញ ។ ហេតុការណ៍ ដ៏គ្រោះថ្នាក់នេះបានកើតឡើង នៅតាមដងទន្លេធំ ចំណុចតាកឹង ស្ថិតនៅក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ។
លោក ឈុំ សាំ ជំទប់ទី១ ឃុំខុនរង ស្រុកបរិបូណ៌ ក្នុងពេលនាំក្រុមការងារឃុំ អញ្ជើញចុះសាកសួរសុខទុក្ខ ជនរងគ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូណ៌ បានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទថា ជនរងគ្រោះមានឈ្មោះ ប៉ុល សុខ អាយុ 53 ឆ្នាំ ជាអនុប្រធានប្រជាការពារ រស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។ លោកបានរៀបរាប់ថា ជារៀងរាល់រដូវប្រាំង ប្រជាពលរដ្ឋក្នុង ឃុំខុនរ៉ង តែងចម្លងក្របីទៅដាក់ទីទួល និងជួលឲ្យគេឃ្វាលមួយរដូវប្រាំង នៅលើកោះមួយកន្លែង ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ហើយ រហូតដល់រដូវវស្សាទើបទៅចម្លងយកមកវិញ ។
នៅថ្ងៃកើតហេតុជនរងគ្រោះ រួមជាមួយប្រជាពលរដ្ឋជាច្រើននាក់ទៀត បានទៅចម្លងយកក្របីត្រឡប់មកផ្ទះវិញដូចសព្វដង ។ ប៉ុន្តែជាចៃដន្យអាក្រក់ ខណៈជនរងគ្រោះកំពុងតែ ហែលចម្លងឆ្លងទន្លេមកវិញ ក៏ស្រាប់តែទាក់និងព័ន្ធខ្សែក្របី ជាប់ជើងហើយរមូរ ទៅជាប់នឹងក្របី គ្រាដែលទឹកទន្លេកំពុងតែហូរខ្លាំង ហើយត្រូវក្របីវ័ធដើម្បីរំដោះខ្លួនវា បណ្ដាលឱ្យជនរងគ្រោះរបួសជាច្រើនកន្លែង នៅកណ្ដាលទន្លេទឹកកំពុងហូរ ខណៈនោះកូនប្រុសជនរងគ្រោះ ឈ្មោះ ប៉ុល គង់អាយុ 25 ឆ្នាំ ដែលជិះកាណូត ដឹកក្រុមមនុស្សដែលទៅចម្លងក្របីដែរ បានឃើញទាន់ ក៏បើកកាណូតទៅជួយនិងបានកាត់ខ្សែ ដែលជាប់បុរសជាឪពុកចេញពីក្របីទើបរួចខ្លួន ហើយបានស្រង់ជនរងគ្រោះដាក់លើកាណូត និងបញ្ជូនទៅ
សង្គ្រោះនៅមណ្ឌលសុខភាព ។
លោកជំទប់ទី១ឃុំ ខុនរ៉ង បានបញ្ជាក់ថាជនរងគ្រោះបានរងរបួសធ្ងន់ ព្រោះមុតនិងស្នែងក្របីជាច្រើនកន្លែង ហើយ បើគ្មានការជួយសង្គ្រោះ ទាន់ពេលវេលា ទេជនរងគ្រោះនឹងត្រូវស្លាប់ដោយឈ្លក់ទឹកជាមួយនឹងក្របីជាពុំខាន ៕
ដោយ៖ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)






