សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា បានអនុញ្ញាតឱ្យ ឯកឧត្ដម Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបជូនសារតាំងនៅវិមានព្រឹទ្ធសភា។
កម្ពុជា និងបេឡារុស វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
VO: សម្តេចប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជាក់ថា ក្នុងឋានៈឯកឧត្តមជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបេឡារុសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសនិងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង ឯកឧត្តមឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជននិងប្រទេសទាំងពីរ។
ឯកឧត្តម Uladzimir BARAVIKOU បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ។
ឯកឧត្តមក៏បានកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសបានអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបានជោគជ័យក្នុងពេលធ្វើជាប្រធានប្តូរវេនអាស៊ាន ដែលធានាបាននូវស្ថេរភាពនយោបាយ ក្នុងតំបន់ និងពិភពលោក៕ ដោយ៖ សំអាត និង ពិសិដ្ឋ






