(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១)៖ បុរសម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ២ នាក់ទៀត រងរបួសជាទម្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបាន កើតឡើងនៅវេលាម៉ោង ៦ និង ៣០នាទីយប់ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ ៥៣ចំណុចមុខទីបញ្ជាការ សឹករងក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខណ: ម៉ូតូ ២គ្រឿងបុកគ្នាក្នុងដំណើរច្រាស់ទិសគ្នា ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះ ឈិន ណារ៉ូអាយុ ៣៦ ឆ្នាំ មានទីលំនៅសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ។
ប្រភពដដែលបានបន្តថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី ២០២០ ពាក់ស្លាកលេខ កំពង់ឆ្នាំង1J. 27 37 បើកបរដោយបុរសឈ្មោះ ប៊ុន ថាន់អាយុ៥២ឆ្នាំ ទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ក្នុងដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងមិនបានប្រុងប្រយ័ត្ន ក៏បានបុកជាមួយនិងម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរី ២០២១ បើកបរដោយ ជនរងគ្រោះ ឈ្មោះ ឈិន ណារ៉ូ ដែលមានឌុបគ្នាម្នាក់ពីក្រោយផង យ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំងសងខាងសរុបគ្នា ៣នាក់រងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប៉ុន្តែដោយសាររបួសធ្ងន់ពេកឈ្មោះ ណារ៉ូ ក៏បានស្លាប់នៅមន្ទីរពេទ្យនិងបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយទាំង ២គ្រឿងត្រូវបានរក្សាទុកនៅអធិការនគរបាលក្រុងដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕
ដោយ៖ ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)






