អានី សាខូឡាស (Anne Sacoolas) ភរិយារបស់អ្នកការទូតអាមេរិកម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ ខែ ប៉ុន្តែត្រូវព្យួររយៈពេល១២ ខែ ពីបទធ្វើអោយក្មេងវ័យជំទង់ស្លាប់ ដោយការបើកបរមិនប្រុងប្រយ័ត្ននៅក្នុងប្រទេសអង់គ្លេស។ លោក ហារី ឌុន (Harry Dunn) អាយុ១៩ ឆ្នាំបានស្លាប់នៅក្នុងខែសីហា ឆ្នាំ ២០១៩ ក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយបន្ទាប់ពីរថយន្តរបស់អ្នកស្រី សាខូឡាស បានបុកម៉ូតូរបស់គាត់។ អ្នកស្រីសាខូឡាស បានចាកចេញពីចក្រភពអង់គ្លេសភ្លាមៗ បន្ទាប់ពីឧបទ្ទវហេតុនេះ ដោយទាមទារអភ័យឯកសិទ្ធិការទូតពីការកាត់ទោសព្រហ្មទណ្ឌ។
បន្ទាប់ពីបានដាក់ពាក្យសុំសារភាពកំហុសកាលពីខែតុលា អ្នកស្រីមិនបានចូលរួមការកាត់ទោស នៅតុលាការព្រហ្មទណ្ឌកណ្តាល អូល បៃលី (Old Bailey) របស់ទីក្រុងឡុងដ៍ទេ ដោយបង្ហាញខ្លួនជំនួសវិញដោយតំណភ្ជាប់វីដេអូពីសហរដ្ឋអាមេរិកវិញ។ អ្នកស្រី គឺជាប់ពន្ធនាគារព្យួរ មានន័យថា នាងមិនចាំបាច់ប្រឈមមុខនឹងការជាប់ពន្ធនាគារនោះទេ ចៅក្រមក៏បានសម្រេចថានាងត្រូវបានដកហូតសិទ្ធិមិនអោយបើកបររយៈពេល ១២ខែផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង






