បាត់ដំបង ៖ លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានមានប្រសាសន៍ថាទឹកជំនន់កំពុងឡើងខ្លាំងនៅស្ទឹងសង្កែ ហើយសូមជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលនៅជិតនឹងប្រជាពលរដ្ឋ ដែលរស់នៅជាប់ដងស្ទឹងសង្កែ ឬផ្នែកខាងក្រោមនៃស្ទឹងសង្កែ ត្រូវជួយផ្សព្វផ្សាយបន្ថែមអំពីបញ្ហាទឹកជំនន់កំពុងឡើងខ្លាំងនៅស្ទឹងសង្កែ ដោយសូមឲ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ ។
លោក ឡុង ផល្គុន បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះថា ចំពោះបញ្ហាទឹកជំនន់នេះ មន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរខេត្ត បាននឹងកំពុងរៀបចំទប់ស្កាត់ តាមរយៈការពិនិត្យមើលលទ្ធភាព ដើម្បីរំដោះទឹកនេះកុំឲ្យបុកខ្លាំងគឺធ្វើឲ្យអស់ពីលទ្ធផល ។ លោក ឡុង ផល្គុន នៅពុំទាន់កំណត់ថាទឹកជំនន់នេះ នឹងឡើងខ្លាំងរហូតដល់ប៉ុន្មានថ្ងៃ ឬ កម្ពស់ទឹកប៉ុន្មាននោះទេ ត្រូវពិនិត្យមើលស្ថានភាពទឹកភ្លៀង ដែលត្រូវនៅប្រភពខាងលើដងស្ទឹងសង្កែសិន ព្រោះថា បើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃ១៩ ដល់ ថ្ងៃទី២១ ខែកក្កដា មានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ដូចនេះ មិនអាចកំណត់ថាទឹកឡើងរហូតដល់ប្រកាសអាសន្ន ឬ កម្ពស់ទឹកប៉ុន្មានឡើយ ខណៈពេលនេះទឹកស្ទឹងសង្កែបានឡើងដល់កម្ពស់ជាង ១២ម៉ែត្រហើយ។
គួរបញ្ជាក់ថា ទឹកស្ទឹងសង្កែខេត្តបាត់ដំបងនៅឆ្នាំ២០១៨នេះ មានទឹកជំនន់ឡើងខ្លាំងចំនួន៣លើក ទាំងលើកនេះ (ថ្ងៃទី១៩ ខែកក្កដា ២០១៨)ហើយឡើងលឿនជាងឆ្នាំ២០១៧ទៅទៀត ដែលទឹកជំនន់ចាប់ឡើងនៅឡើងខែតុលា៕ អ៊ុង សារុំ













