ប្រតិបត្តិករជើងហោះហើរ យ៉េទី អ៊ាឡាញ(Yeti Airlines) បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារធ្លាក់យន្តហោះនៅអាកាសយានដ្ឋាន ផូខារ៉ា (Pokhara) នៃប្រទេសនេប៉ាល់ ត្រូវបានកែសម្រួលចុះមកត្រឹម ៦៨នាក់ ពី ៦៩នាក់។
មានមនុស្សសរុប ៧២នាក់ នៅលើយន្តហោះ ATR 72 ម៉ាស៊ីនភ្លោះ រួមទាំងសមាជិកនាវិក ៤នាក់ និងជន បរទេស១៥ នាក់ ជនជាតិឥណ្ឌា ៥នាក់ រុស្ស៊ី ៤នាក់ កូរ៉េខាងត្បូង ២នាក់ និងអ្នកដំណើរម្នាក់មកពីអៀរឡង់ អាហ្សង់ទីន អូស្ត្រាលី និងបារាំង។
នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ផូសផា កាម៉ាល់ ដាហាល(Pushpa Kamal Dahal) បានកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ បន្ទាប់ពីឧបទ្ទវហេតុនេះ ខណៈក្រុមសមាជិកចំនួន៥ នាក់ ត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតការធ្លាក់យន្តហោះនេះ។
ទន្ទឹមនឹងនេះ ការកាន់ទុក្ខជាតិរយៈ ពេលមួយថ្ងៃ ត្រូវបានប្រកាសសម្រាប់ថ្ងៃចន្ទ។
គួរបញ្ជាក់ថា ជើងហោះហើរនេះហោះពីទីក្រុង កាតាម៉ាន់ឌូ បានធ្លាក់នៅចន្លោះអាកាស យានដ្ឋានក្នុងស្រុក និងអន្តរជាតិរបស់ ផូខារ៉ាកាលពីថ្ងៃអាទិត្យមុនម៉ោង១១ព្រឹក។
គួរបញ្ជាក់ផងដែរថា ឧស្សាហកម្មផ្លូវអាកាសរបស់ប្រទេសនេប៉ាល់ បានរីកដុះដាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដឹកទំនិញ និងមនុស្សរវាងតំបន់ពិបាកទៅដល់ ក៏ដូចជាអ្នកដើរលេង និងអ្នកឡើងភ្នំបរទេស។ ប៉ុន្តែវាត្រូវបានញាំញីដោយសុវត្ថិភាពមិនល្អដោយសារតែការបណ្តុះ បណ្តាល និងការថែទាំមិនគ្រប់ គ្រាន់។
ដោយប្រតិបត្តិករយន្តហោះបាននិយាយថា ប្រទេសនេប៉ាល់ ខ្វះហេដ្ឋារចនា សម្ព័ន្ធសម្រាប់ការព្យា ករណ៍អាកាសធាតុត្រឹមត្រូវ ជាពិសេសនៅតំបន់ដាច់ស្រយាលដែលមានតំបន់ភ្នំដែលប្រឈមមុខនឹងការធ្លាក់យន្តហោះដែលមនុស្សស្លាប់បានកើតឡើងនាពេលកន្លងមក៕
ប្រែសម្រួលដោយ ប៊ុន សុភាព






