បុរសម្នាក់បានស្លាប់ភ្លាមនិងម្នាក់ទៀតបានផុតពីគ្រោះថ្នាក់ដោយឆ្លងចរន្តអគ្គីសនីខណៈពេលរៀបចំផ្សារសំណាញ់ដែក ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០ នៅភូមិប្រឡាយហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា៖ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប្ញស្សីក្រោក បានចុះដល់កន្លែងកើតហេតុ ជនរងគ្រោះដែលស្លាប់ឈ្មោះធាន ធាង ភេទប្រុសអាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ ថាប់ ចំប៉ារ័ត្ន អាយុ២៧ឆ្នាំ នៅភូមិប្រឡាយហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលបានឲ្យដឹងទៀតថា៖ជនរងគ្រោះ បានទៅផ្សាសំណាញ់ដែកជាមួយឈ្មោះមាស ថន ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិជាមួយគ្នា ធ្វើផ្ទះឲ្យរបស់ឈ្មោះសោម សាវ័ន្ត ភេទស្រីអាយុ ៤៧ឆ្នាំ នៅភូមិប្រឡាយហ្លួង ឃុំប្ញស្សីក្រោក ។
នៅពេលដំណើរការផ្សានោះឈ្មោះមាស ថន បានឡើងលើជញ្ជាំងទៅផ្សារសំណាញ៉ដែក ចំណែកជនរងគ្រោះឈ្មោះធាន ធាង បានទៅដោតព្រីភ្លើងហើយឡើងតោងជញ្ជាំងស្រាប់តែឆ្លងចរន្តភ្លើងនិងដែក បណ្តាលឲ្យឈ្មោះមាស ថនឡើងផ្សាមុនឆក់ធ្លាក់មកដីផុតពីគ្រោះថ្នាក់ចំណែក ឈ្មោះ ធាន ធាង ឆក់ជាប់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរបាលបានធ្វើការពិនិត្យរួច៕






