យោងតាមឯកសារបានពន្យល់ថា បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឱ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្ដុំដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។
ប្រជារាស្ដ្រខ្មែរបានឱ្យតំលៃ និងសារៈសំខាន់ទៅលើបុណ្យ ធំៗពីរ គឺបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ និងពិធីបុណ្យចូលឆ្នាំថ្មី។
គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុង ទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅ ចាប់ពីថ្ងៃ១ រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ក្នុងអំឡុង១៥ថ្ងៃនេះគេ តាំងចិត្ដដាច់ខាតត្រូវតែ ទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការ មមាញឹក ឬក្រីក្រលំបាកយ៉ាងណាក៏ដោយ។
ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។ រឿងហេតុ ទាំងអស់ នោះក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និងអនុវត្ដជារៀងរាល់ ឆ្នាំតៗគ្នាមក។
ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្ដដែលបានចែក ឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។
ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុងអបាយ ភូមិវេទនាណាស់។
ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។
លុះដល់រដូវបុណ្យនេះ គេបានដោះលែងឱ្យមកទទួលយក ផល្លានិសង្សដែលញាតិសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឱ្យ ។
ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេច បណ្ដាសាឱ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្ដហើយមិនឃើញ សាច់ញាតិធ្វើបុណ្យបញ្ជូនឱ្យទេ ។
ជាមួយគ្នានេះដែរ ដែលគេមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្ដីសុខ និងសេចក្ដីចំរើន៕