ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានរេដបូក ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌ មានបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅដែនជម្រកសត្វព្រៃឆែប ភូមិសាស្រ្ដភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះ វិហារ ព្រមទាំងមានអញ្ជើញចូលរួមពីមេបញ្ជាការកងរាជ អាវុធហត្ថខេត្ត មន្រ្ដីនៃមន្ទីរបរិស្ថាន អង្គការដៃគូ អាជ្ញារធមូលដ្ឋានជាច្រើនរូបទៀត។
ជារៀងរាល់ឆ្នាំ ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិប្រារព្ធឡើងក្នុងគោលបំណង ឧទ្ទេសនាមសត្វត្មាតជិតផុតពូជបំផុតទាំងបីប្រភេទមានដូចជា ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា និងបញ្ជ្រាបចំណេះដឹងអំពីតួនាទីរបស់សត្វត្មាតនៅក្នុងប្រព័ន្ឋអេកូឡូស៊ី ក៏ដូចជាអប់រំផ្សព្វផ្សាយពីការងារអភិរក្ស និងគុណតម្លៃរបស់សត្វត្មាតដល់សាធារណជនឱ្យបានយល់ដឹង។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានកំពុងសហការជាមួយ អង្គការWCS ធ្វើការអនុវត្តនូវសកម្មភាពអភិរក្សសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែបតាមរយៈការផ្តល់ចំណីរបន្ថែម ២ដងក្នុងមួយខែ និងការការពារសំបុកពងកូន។
ចាប់ពីខែ មករា ដល់ខែកក្កដា ឆ្នាំ២០២២ អង្គការ WCS បានរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ “អាហារដ្ឋានត្មាត” ចំនួន១៤ដង ដើម្បីតាមដានចំនួនសត្វត្មាត។ តាមរយៈការកត់ត្រាក្នុងឆ្នាំ ២០២២ វត្តមានសត្វត្មាតច្រើនជាងគឺចំនួន ៥៥ក្បាល ក្នុងនោះ៖ ត្មាតភ្លើង ៩ក្បាល ត្មាតផេះ ៣០ក្បាល និងត្មាតត្នោត ២០ក្បាល។
ចាប់តាំងពីឆ្នាំ២០០០រហូតដល់បច្ចុប្បន្ន អង្គការ WCS បានអនុវត្តគម្រោងនៅតំបន់ការពារទេសភាពភាគឧត្តរ (ខេត្តព្រះវិហារ) នៃប្រទេសកម្ពុជា ដោយធ្វើការ សិក្សាស្រាវជ្រាវជីវៈចម្រុះការគាំទ្រការលើការល្បាត អនុវត្តច្បាប់សហគមន៍តំបន់ការពារធម្មជាតិ ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ សហគមន៍ទេសចរណ៍ធម្មជាតិ ការបែងចែក និងកំណត់តំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ៕







