ការសម្រេចចិត្តនេះ កើតឡើងចំពេលមានការរីករាល ដាលនៃច្បាប់ប្រឆាំងសិទ្ធិផ្លាស់ប្ដូរភេទ ដែលផ្សព្វផ្សាយដោយសមាជិកសភាគណបក្សសាធារណរដ្ឋនៅទូទាំងប្រទេស។
តុលាការកំពូលរបស់សហរដ្ឋអាមេ រិក កាលពីថ្ងៃព្រហស្បតិ៍ បានអនុញ្ញាតឱ្យក្មេងស្រីប្តូរភេទអាយុ១២ ឆ្នាំនៅរដ្ឋ West Virginia (វេស វើជីននា) បន្តការប្រកួតប្រជែង ក្នុងក្រុមកីឡារបស់ក្មេងស្រីនៅសាលាមធ្យមសិក្សារបស់នាង ខណៈដែលបណ្តឹងស្តីពីការហាមឃាត់របស់រដ្ឋនៅតែបន្ត។
ចៅក្រមភាគច្រើនបានបដិសេធមិនរំខានដល់ដីការបស់សាលាឧទ្ធរណ៍ ដែលធ្វើឱ្យវាអាចទៅរួចសម្រាប់ក្មេងស្រី Becky Pepper-Jackson (បេកឃី ផេបភើ ជេកសិន) ដើម្បីបន្តការលេងនៅតាមផ្លូវរបស់សាលា និងក្រុមឆ្លងប្រទេស។
រដ្ឋ West Virginia គឺស្ថិតក្នុងចំណោមរដ្ឋចំនួន ២០ ដែលហាមប្រាមអត្តពលិកប្តូរភេទពីការចូលរួមក្នុងកីឡាស្របតាមអត្តសញ្ញាណយេនឌ័ររបស់ពួកគេ នេះបើយោងតាមគម្រោង Movement Advancement Project ដែលជាអ្នកគិតគូរអំពីសិទ្ធិស្រឡាញ់ភេទដូចគ្នា (LGBTQ)។ តុលាការឧទ្ធរណ៍សហព័ន្ធបានអនុញ្ញាតឱ្យនាងចូលរួមប្រកួត ខណៈនាងបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការជាន់ទាបដែលតម្កល់ច្បាប់រដ្ឋ West Virginia។
ចៅក្រម តុលាការស្រុកអាមេរិក Joseph Goodwin (ចូសេប ហ្គូតវីន) ដំបូងឡើយបានរារាំងរដ្ឋ West Virginia ពីការអនុវត្តច្បាប់របស់ខ្លួន ហើយបានអនុញ្ញាតឲ្យ Pepper-Jackson ប្រកួតប្រជែងក្នុងក្រុមកុមារី។ ប៉ុន្តែ ទីបំផុត Goodwin បានរកឃើញថា ច្បាប់នេះមិនបំពានលើរដ្ឋធម្មនុញ្ញ ឬចំណង ជើងទី IX ដែលជាច្បាប់ស្តីពីសមភាពយេនឌ័រឆ្នាំ ១៩៧២ នោះទេ។
Goodwin ដែលជាអ្នកតែងតាំងអតីតប្រធានាធិបតី ប៊ីល គ្លីនតុន បានសម្រេចថា ច្បាប់អាចនៅដដែល ខណៈដែលការអំពាវនាវនៅតែបន្ត៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






