ភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ កោះហៅទណ្ឌិត សម រង្ស៊ី ចូលបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នេះ ពាក់ព័ន្ធករណីប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ។
គួររំលឹកថា លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាតឱ្យតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ចំពោះលោក សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ រឿងព្រះរាជសារក្លែងក្លាយ។
វិធានការរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាពេលនេះ បានធ្វើឡើងស្របពេលដែលមានការងើបទាមទារឱ្យតុលាការ កម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានប្រមាថថា ព្រះរាជសារ ព្រះមហាក្សត្រ ជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវ ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដាខាងមុខនោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ ៕ ចាន់ ធឿន