នៅថ្ងៃកាន់បិណ្ឌទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ នោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងពាក់ម៉ាសក្នុងពេលចូលរួមពិធី ដែលមានអ្នកចូលរួមច្រើន ដូចជា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ដោយសម្ដេចបានបញ្ជាក់ ថា កុំធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩ឱ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវ ខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
នៅលើហ្វេសប៊ុកផេកផ្លូវការ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ សម្ដេចតេជោសរសេរថា អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ៦»។ ថ្ងៃទី៨ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
នេះជាពេលវេលាមួយដែល បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំ សាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់ បិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបាន ល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុង អំឡុងពេលបុណ្យភ្ជុំនេះ។
សម្ដេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅ ប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន។ អរគុណសន្តិភាព៕
sam ang






