ភ្នំពេញ ៖ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងជុំទី១ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា នេះ តាមរយៈវីដេអូខន់ ហ្វើរ៉ិន។
លោកបន្តថា ការចរចានេះ ជាការបោះជំហានថ្មីមួយទៀតរបស់កម្ពុជានៅក្នុងការធ្វើពិពិធកម្មផលិតផលនាំចេញរបស់ខ្លួន បន្ទាប់ពីការចរចាពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសចិន ទើបត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ។
លោកបញ្ជាក់ថា «យើងចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ប៉ុន្តែលទ្ធភាពយើងត្រូវជ្រើសរើសប្រទេសណាដែលមានសក្តានុពលអាចផ្តល់ផលចំណេញដល់សេដ្ឋកិច្ចច្រើនឲ្យគ្នាទៅវិញទៅមក ដូច្នេះយើងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េជាមុន»៕
សំអាង





