ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកា ស-WATERGEN ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ជូនកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីលោកជំទាវ ឃួន សុដារីអនុប្រធានកាកបាទក្រហមនិងសហការី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ ជាបច្ចេកវិទ្យាមកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធចេញពីខ្យលក្នុងបរិយាកាសដោយស្វ័យប្រវត្តិ បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថាន។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ម៉ាស៊ីន និងរថយន្តនេះផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់កាកបាទក្រហមកម្ពុជាដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជួបគ្រោះរាំងស្ងួត ទឹកជំនន់ និងតំបន់ខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់ សំដៅលើកកម្ពស់សុខភាព និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

គួរកត់សម្គាល់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនាឱកាសនេះ គឺជាការបង្ហាញនូវកាយវិការប្រកបដោយមនុស្សធម៌ ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពប្រសើរឡើងជាលំដាប់៕






