ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ១នាក់ទៀត ខណៈករណីព្យាបាលជាសះស្បើយមិនមាននោះទេ។
ក្រសួងបានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិបារាំងដែលរកឃើញមានឆ្លងកូវីដ១៩ មានអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨៨នាក់ (ស្ត្រី៥៩នាក់ និងបុរស២២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៨៣នាក់ (ស្មើនឹង ៩៨.៦១% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០៥នាក់៕







