ទាហានលីបង់ចំនួនប្រាំនាក់ បានរងរបួសកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីគ្រឿងផ្ទុះបានធ្លាក់លើទីតាំងរបស់ពួកគេ នៅជិតជំរុំជនភៀសខ្លួនប៉ាឡេស្ទីន អ៊ាន អាល់ហេលវ៉េ (Ain Al-Helweh) នៅភាគខាងត្បូងប្រទេសលីបង់ ខណៈការប៉ះទង្គិចប្រដាប់អាវុធកាន់តែខ្លាំងឡើងរវាងសមាជិកនៃចលនា ហ្វាតា និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។
សេចក្តីថ្លែងការណ៍របស់កងទ័ពបាននិយាយថា ទាហានដែលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ។ កងទ័ពលីបង់បានឆ្លើយតបនឹងប្រភពនៃការបាញ់ប្រហារ ខណៈខ្លួនធ្លាប់បានព្រមានពីការធ្វើចលនាណាមួយដែលអាចប៉ះពាល់ដល់ទីតាំងកងទ័ព។
ការប៉ះទង្គិចប្រដាប់អាវុធចុងក្រោយបំផុតរវាងសមាជិកនៃចលនា ហ្វាតា និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងជំរុំជនភៀសខ្លួនអ៊ាន អាល់ហេលវ៉េ (Ain Al-Helweh) ប៉ាឡេស្ទីនបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងកាន់តែខ្លាំងក្លានៅថ្ងៃបន្ទាប់ ដោយបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។
ការប៉ះទង្គិចគ្នារវាងក្រុមគូប្រជែងតែងតែកើតឡើងនៅក្នុងជំរុំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតនៅក្នុងប្រទេសលីបង់៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






