ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យការងារប្រគល់-ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាល នៃគណ:អភិ បាលខេត្តស្ទឹងត្រែង តំណាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ អគ្គនាយកដ្ឋានបច្ចេក ទេស អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះប្រធានគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សា និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។.បេសកកម្មនេះធ្វើឡើង ដើម្បីចុះត្រួតពិនិត្យការងារប្រគល់-ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ពីក្រុមហ៊ុនសាងសង់មកមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីត្រៀមនឹងដាក់សម្ពោធឱ្យប្រើប្រាស់ និងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រងបន្ត នាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា អនុគម្រោងនៃការគ្រប់គ្រងសំណល់រឹងទីប្រជុំជនទាំងពីរនេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គ ជំហានទី៤ ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ជាមួយគ្នានេះដែរ ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុប ១៩,៤៦ ហិកតា ចំណែកឯទីលានទុកដាក់សំរាមខេត្តក្រចេះ ចាប់ផ្តើមការ សាងសង់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៦,៨៨ ហិកតា៕