សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ បន្តខិតខំជួយដល់សិល្បករវ័យចាស់ ដែលជួបការលំបាក។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី អនុញ្ញាត ឲ្យសមាគមសិល្បករខ្មែរ ដឹកនាំដោយលោក ជំទាវ ម៉ៅ ចំណាន កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោត សរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគមសិល្បករខ្មែរ ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូលចងក្រងនូវសិល្បករ សិល្បការិនី គ្រប់ទម្រង់ និងការផ្តល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិផងដែរ។ បន្ថែមលើនេះ សម្តេចធិបតី បានលើកទឹក ចិត្តឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នាដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ដែលបាត់បង់សមត្ថភាពសម្តែង។
ក្នុងឱកាសអនុញ្ញាតឱ្យអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការីចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ សហការជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាងសមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិករបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគម ឱ្យបន្តអនុវត្តការងារសំខាន់ៗចំនួន៣ រួមមាន ទី១ លើកទឹកចិត្តឱ្យសមាគមចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់។
ទី២ ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយតាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផងរបស់ជាតិ និងទី៣ បន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់ លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកប ដោយភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសមាគមជំរុញការអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងចូលរួមផ្សព្វផ្សាយសារអប់រំផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងខិតខំចូលរួមចំណែកផលិតនូវមាតិកាដើមដោយខ្លួនឯង (Original Content) ផងដែរ៕






