សម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយលោកជំទាវ ទាវ ឡាយចេង(Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកមិញនេះ។ សម្តេចតេជោ ជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះរួចហើយ បន្ថែមទៅដោយការស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ។
លោកជំទាវ ទាវ ឡាយចេង បានសំដែងការអបអរ សាទរជូនដល់សម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឆ្ពោះ ទៅកាន់ការអភិវឌ្ឍ យ៉ាងឆាប់រហ័សជាទីបំផុត កម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ ហើយការកាត់បន្ថយភាពក្រីក្រ ក្នុងល្បឿនលឿន។ លោកជំទាវទូត មានប្រសា សន៍ថា ប្រទេសទាំងពីរ មានទំនាក់ទំនងល្អកិច្ចសហប្រតិ បត្តិការក៏បានល្អ ទាំងវិស័យសេដ្ឋកិច្ចទាំងវិស័យពាណិជ្ជ កម្ម ទាំងការវិនិយោគ ទាំងវិស័យបច្ចេកទេស និងទាំងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ ក្នុងបេសកកម្មរបស់លោកជំទាវមកកម្ពុជា លោកជំទាវ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែ មានភាពរឹងមាំនិងរីកចម្រើនឡើង ថែម ទៀត។
សម្ដេចតេជោ បានយល់ស្រប នឹងការវាយតម្លៃរបស់លោក ជំទាវ ទាវ ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ សម្ដេចបានមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរបស់ ប្រទេសទាំងពីរ គឺមានជាយូរលង់ណាស់មកហើយ នោះគឺចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យ និងភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា កូវីដបានបំផ្លាញគ្រប់គ្នា បានដាក់គម្លាតឲ្យនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យពាក់ម៉ាសនៅពេលដែលសន្ទនា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានមានប្រសាសន៍ថា យើងគប្បីណាត្រូវតែជំនះនូវបញ្ហានេះ ដោយត្រូវជំរុញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជំរុញការអនុវត្តរាល់កិច្ចព្រម ព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះរួចហើយកន្លងមក បន្ថែមទៅដោយការស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀតស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមាន ទោះបីយើងត្រូវតែអនុវត្តការងារនេះតាមគន្លងតាមបែបថ្មីយ៉ាងណាក៏ដោយ៕






