ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរ គមនាគមន៍ បញ្ជាក់ថា ក្រសួង នឹងសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា ដេីម្បីផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតតាមសាកលវិទ្យាទាំងអស់ឱ្យមានសមត្ថភាព ប្រើប្រាស់គ្រប់គ្រាន់ស្រប តាមបទដ្ឋានបច្ចេកទេស។
ក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រសួងកំពុងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាតាមបែបឌីជីថល ដើម្បីឱ្យសាកលវិទ្យាល័យទាំងអស់ភ្ជាប់គ្នា សម្របដល់ការគ្រប់គ្រងនិស្សិត និងផ្លាស់ប្ដូរទិន្នន័យតាមប្រព័ន្ធឌីជីថល។
លើសពីនេះ ក្រសួងនឹងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលជូនវិទ្យាល័យ និងសាកលវិទ្យាល័យដែលមានជំនាញបច្ចេកវិទ្យាគមនាគម ន៍និងព័ត៌មាន (ICT) និងជំនាញពាក់ព័ន្ធនឹងឌីជីថល។ ស្របជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នឹងជួយរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅក្នុងសាកលវិទ្យាល័យ ដើម្បីជំរុញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានធ្វេីបទឧទ្ទេសនាមស្ដីពី រចនា សម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគ មន៍ ការធ្វេីកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារថ្មីមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។
បន្ថែមពីនេះទៀត ឯកឧត្ដមរដ្ឋ មន្ត្រី ក៏បានជម្រាបជូនពីការរៀបចំច្បាប់និងលិខិតបទ ដ្ឋានគតិយុត្តសំខាន់ៗ និងការបណ្ដុះបណ្តាលធនធាន មនុស្សដើម្បីជំរុញបរិវត្តកម្មឌីជីថលស្របតាមទិលដៅគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២- ២០៣៥។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អាហារូបករណ៍បង់ថ្ងៃសិក្សាចំនួន ៥០កន្លែង ជូននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិពហុ បច្ចេកទេសកម្ពុជា៕






