ខេត្តកំពង់ស្ពឺ ៖ ទីតាំងផលិតប្រេងខ្មៅមួយកន្លែង ដែលគ្មានច្បាប់ទម្លាប់លួចលាក់ផលិតជាយូរ ខែ ឆ្នាំណាស់មកហើយនោះ ពេលនេះត្រូវបានកម្លាំងនគរបាលនាយដ្ឋានប្រឆាំងបទល្មើស សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែល ប៉ុន្តែម្ចាស់ទីតាំងហាក់បីដូចជាដឹងខ្លួនមុន រត់គេចខ្លួនបាត់ស្រមោល ធ្វើឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមមន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលចុះបង្ក្រាប ទីតាំងផលិតចម្រាញ់ប្រេងខ្មៅគ្មានច្បាប់ទម្លាប់ខាងលើនេះ ដោយមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ទើបកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរ មន្ទីរសិប្បកម្មឧស្សាហ៍កម្មខេត្តកំពង់ស្ពឺ ដែល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក ពីង ពៅ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកំពង់ស្ពឺ តាមដីកាអនុញ្ញាតអោយឆែកឆេរ លេខ១២៣៣៩/១៨ ជ.ប្រធានសាលាដំបូង លោក ថៃ គឹមមុនី ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បង្រ្កាបករណីសង្ស័យ និងកំពង់កែច្នៃប្រេងខ្មៅ (កាកសំណល់ប្រេងចម្រុះដែលប្រើរួច) នៅទីតាំងខាងលើ។
បន្ទាប់ពីចុះបង្ក្រាបរួច សមត្ថកិច្ចឆែកឆេររកឃើញ រួមមាន:
១. ធុងខៀវម៉ាក (Interrox st 50) ចំនួន៥៤ធុង (ក្នុង១ធុងមានចំនួន ៣៥គីឡូក្រាម)
២. ធុងអាសុីតពណ៌ប្រផេះ (គ្មានម៉ាក) ចំនួន ១១០ធុង (ក្នុង១ធុងមានចំនួន១៥គីឡូក្រាម)
៣. ធុងស្តុកប្រេងម៉ាស៊ូតចំនួន ២៤ធុង (ចំណុះ ១ធុង ស្មើ ៤០០លីត្រ)
៤. សុីទែនស្តុកប្រេងម៉ាស៊ូតធំ មានចំនួន៤ (ចំណុះ១៥០០០លីត្រ)
៥.សុីទែនស្តុកប្រេងម៉ាស៊ូតតូច មានចំនួន៣ (ចំណុះ ៣០០០លីត្រ)
៦. រថយន្តចំនួន ៣គ្រឿង គោយន្ត ១គ្រឿងផងដែរ។
បច្ចុប្បន្នវត្ថុតាងខាងលើនេះទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរឹបអូស កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕ អ៊ុ ណូន






