បង់ក្លាដេស៖ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូនស៊ីត្រាង បានបោកបក់ចូលឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសបង់ក្លាដែស ដោយបានកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនង និងបណ្តាញអគ្គិសនី និងបំផ្លាញផ្ទះសម្បែង។
លោក ជេប៊ុនណាហារ (Jebun Nahar) មន្ត្រីរដ្ឋាភិបាលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្សប្រាំបួននាក់បានស្លាប់ដោយ្សាររលំ ដើមឈើសង្កត់។
ព្យុះស៊ីក្លូន នេះស្មើនឹងខ្យល់ព្យុះនៅអាត្លង់ទិក ឬព្យុះទីហ្វុងនៅភាគខាងលិចប៉ាស៊ីហ្វិក បានបោកបក់នៅភាគខាងត្បូងប្រទេសបង់ក្លាដែស កាលពីល្ងាចថ្ងៃចន្ទ ប៉ុន្តែអាជ្ញាធរបានជម្លៀសមនុស្សប្រហែលមួយលាននាក់ទៅកាន់ទីសុវត្ថិភាពមុនពេលព្យុះនេះវាយប្រហារ។
គួរបញ្ជាក់ថា ព្យុះស៊ីក្លូននេះបានវាយប្រហារពីឈូងសមុទ្រ បេងហ្គាល់ (Bengal) កាលពីព្រឹកថ្ងៃចន្ទ ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់៨៨គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលបានជន់លិចតំបន់ឆ្នេរសមុទ្រទាប ដោយជន់លិចទីក្រុងនានាដូចជារដ្ឋធានី ដាកា ឃុលណា និងបារីសាល់ ដែលមានកម្រឹតភ្លៀងធ្លាក់៣២៤មីលីម៉ែត្រ៕






