សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើក ឡើងថា នៅពេលខាងមុខ កម្ពុជានឹងរៀបចំឲ្យមានផ្លូវដែកល្បឿនលឿន ពីភ្នំពេញមកខេត្តព្រះសីហនុនិងពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ រហូតដល់បាត់ដំបង។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ផ្លូវដែកបច្ចុប្បន្នគឺមិនទាន់អាចបម្រើនូវសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា បានគ្រប់គ្រាន់នៅ ឡើយទេ ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត។
សម្ដេចតេជោបន្ថែមថា ការធ្វើផ្លូវដែកល្បឿនលឿនគឺមិនចំណា យពេលយូរនោះទេដោយសារតែកម្ពុជាមានផ្លូវដែកស្រាប់នៅពេលបច្ចុប្បន្ន។
សម្ដេចបានលើកឡើងបន្ថែមថា កម្ពុជាត្រូវការការតភ្ជាប់ផ្ទៃក្នុងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន កាត់ បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។ សម្ដេចតេជោថា ក្រៅពីនោះក៏អាចនឹងមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀតក្នុងប្រទេសផងដែរ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានបង្ហើបពីគម្រោងនៃសាងសង់ផ្លូវ ដែកល្បឿនលឿន ដើម្បីបំពេញសេចក្តីត្រូវការ នៃការដឹកជញ្ជូន ក្នុងស្រុក។ ឯកឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់ថា មានការសិក្សាលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅ ខេត្តសៀមរាប ហើយបន្តដល់ប៉ោយប៉ែត ក្នុងខេត្តបន្ទាយ មានជ័យ និងពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្រុងបាវិតខេត្តស្វាយរៀង។
ឯកឧត្ដម ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា ផ្លូវរថភ្លើងនៅកម្ពុជា អាចរត់បានជាមធ្យម៦០គីឡូម៉ែត្រក្នុង១ម៉ោង។
ដោយឡែកពីភ្នំពេញទៅខេត្ត ព្រះសីហនុ អាចរត់បាន៩០គីឡូម៉ែត្រក្នុង១ម៉ោង។
ទៅថ្ងៃអនាគត កម្ពុជានឹងមានផ្លូវដែកស្របតាមស្តង់ដារអន្តរជាតិ អាចរត់បានលឿនមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីនោះទេ៕






