ឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គ រដ្ឋទូតអាល្លឺម៉ង់ថ្មី បានសន្យាជួយជំរុញអ្នកវិនិយោគអាល្លឺម៉ង់ មករកស៊ីនៅកម្ពុជា បន្ថែមទៀត ជាមួយនឹងការបន្តប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង់។
ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១០ កញ្ញានេះ ឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គ រដ្ឋទូតអាល្លឺម៉ង់ថ្មី បានបង្ហាញភាពរីករាយ ដែលបានមកបំពេញបេសកកម្មការងារនៅកម្ពុជា។
ឯ.ឧ អ៊ាង សុផល្លែង ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា អាល្លឺម៉ង់មានសេចក្តីរីករាយ ដែលបានចូលរួមដំណើរ និងជួយដល់កម្ពុជាក្នុងដំណើរឆ្ពោះទៅទទួលបានជោគ ជ័យ។ ឯកអគ្គរដ្ឋទូត បានបង្ហាញការតាំងចិត្ត ក្នុងបេសកកម្មការទូតនៅកម្ពុជា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញឱ្យមានការវិនិយោគឱ្យកាន់តែខ្លាំងឡើងនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា។
សម្តេចតេជោ បានមានប្រសាសន៍ថា រាល់ការជោគជ័យរបស់កម្ពុជា និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយរបស់អាល្លឺងម៉ង់។
ជាពិសេសនៅពេលថ្មីៗនេះជំនួយរបស់អាល្លឺម៉ង់ បានជួយទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩។
ឯកអគ្គរដ្ឋទូត អាឡឺម៉ង់ ក៍បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី និងការចូលរួមរកដំណោះស្រាយចំពោះវិបត្តិរបស់មីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តបថា ការឈ្លានពានរបស់រុស្ស៉ី ទៅលើអុយក្រែន គឺជារឿងមួយ តែការដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឱ្យមានការប៉ះពាល់មិនត្រឹមតែរុស្ស៉ី អឺរ៉ុប តែក៏បានប៉ះពាល់ដល់ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ។
ចំពោះករណីមីយ៉ាន់ម៉ាវិញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាល់កិច្ចប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្តីសុខ សន្តិភាព សម្រាប់ប្រជាជនមីយ៉ាន់ម៉ា តំបន់ និងពិភពលោកផងដែរ។ សម្តេចតេជោបន្ថែមថា ដំណើរទស្សនកិច្ចផ្ទាល់របស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា មានបំណងបញ្ឈប់ការបាញ់គ្នា និងចង់ឱ្យមានផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនដែលកំពុងត្រូវការ។ មួយវិញទៀត ជំរុញឱ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោបាយ តែមិនទាន់ទទួលបានជោគជ័យ។
បើទោះបីយ៉ាងណា បញ្ហានេះត្រូវតែបន្តអត់ធ្មត់ និងប្រឹងប្រែងស្វែងរកដំណោះស្រាយបន្តទៀត៕




