កំពត៖ ខេត្តកំពតនឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម”។
នេះការបញ្ជាក់របស់ ឯ.ឧ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៩ខែសីហា នាកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពតអស់មីន។
ឯ.ឧ ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៏ថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពង្រាយកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា ក្នុងខេត្តចំនួន៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ៣១គីឡូម៉ែត្រក្រឡា។ ដោយឡែកដើម្បីប្រកាសខេត្តកំពតអស់មីន នឹងត្រូវបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីន១០.៩៩៧.២១៤ ម៉ែត្រក្រឡា (ប្រមាណជា១១គីឡូម៉ែត្រក្រឡា) ស្មើនឹង១២១ចម្ការមីន ក្នុងរយៈពេល១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ។
ឯ.ឧ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីចក្ខុវិស័យ និងការបង្កើតចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងការបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ដើម្បីឲ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាព និងទទួលបានស្នាមញញឹមគ្រប់ៗគ្នា។ ឯ.ឧ ទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ត្រូវបន្តការគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងកំទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា។
ការងារបោសសម្អាតមីន គឹជាការងារត្រូវការពេលវេលាច្រើន និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជម្រុញឲ្យដំណើរការនៃការបោសសម្អាតមីន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
អាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្របសម្រួលជាមួយសហគមន៍ផ្តល់ជំនួយ និងប្រទេសជាមិត្ត ដើម្បីជម្រុញឲ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការងារបោសសម្អាតមីននៅកម្ពុជា និងមានភារកិច្ចរៀបចំគោលនយោបាយ និងផែនការអាទិភាព ឆ្ពោះទៅរកកម្ពុជាអស់មីននៅឆ្នាំ២០២៥ ហើយដើម្បីឲ្យកម្ពុជាអស់មីន កម្ពុជាត្រូវការជាចាំបាច់នូវថវិកាគាំទ្រ សម្ភារៈ និងធនធានមនុស្សដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ៕






