ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃបានធ្វើការផ្លាស់ប្តូរយោបល់ ដើម្បីជាធាតុចូលក្នុងការបង្កើនល្បឿនលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជី ថល ឆ្នាំ ២០២១-២០៣០ ធ្វើយ៉ាងណាឲ្យសម្រេចបានតាមគោលដៅរដ្ឋាភិបាលក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថលនាពេលដ៏ខ្លីខាងមុខ។
កិច្ចប្រជុំពិភាក្សាជាមួយនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើសេចក្ដីព្រាងគោល នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ដែលដឹកនាំដោយសហ ប្រធានពីររូបគឺ ឯ.ឧ ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការកក្រសួងមហាផ្ទៃ និងឯ.ឧ ជុន វ៉ាត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀតផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន សេចក្ដីព្រាងគោល នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១- ២០៣០ ក្នុងគោលបំណង លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការគោល នយោបាយអាទិភាពក្រោមក្របខណ្ឌយុទ្ធសាស្ដ្រចំនួន ៥ រួមមាន ៖
ទី ១-បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល
ទី ២-ហេដ្ឋារចនា សម្ព័ន្ធឌីជីថល
ទី ៣-សេវារដ្ឋាភិបាលឌីជីថល
ទី ៤-ការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល
និងទី ៥-ភាពជាដៃគូររវាងរដ្ឋ និងឯកជន៕






