កំពង់ស្ពឺ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្ពង ធ្វើការល្បាតតាម មូលដ្ឋាន ប្រទះឃើញមានការសង្ស័យ ក៏ឃាត់ដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួនថែមទៀតផង កាលពីវេលា ម៉ោង០៣និង១០នាទីរសៀល ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំភូមិរៀមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកថ្ពង បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានមុខសញ្ញាខាងលើនេះបាន គឺ កម្លាំងជំនាញ នគរបាលស្រុកថ្ពង បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំវាលពន់ បានចុះធ្វើការ ល្បាតតាមមូលដ្ឋានស្មុគស្មាញ លុះល្បាតមកដល់ នៅចំណុចភូមិរៀមកណ្ដាល ឃុំវាលពន់ ស្រុកថ្ពងក៏បានប្រទះ ឃើញមុខសញ្ញាសង្ស័យខាងលើ និងបានឃាត់ខ្លូនសួរនាំ។
នគរបាលស្រុក បាននិយាយថា មុខសញ្ញាដែលឃាត់មានឈ្មោះ តែម ប៊ុនថន (ហៅចិន) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរៀមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាល បានបន្តទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួននៅកន្លែងកើតហេតុខាងលើ នគរបាលបានធ្វើការឆែកឆេរ និងដកហូត បានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៦កញ្ចប់តូច ទូរស័ព្ទដៃ ចំនួន ០១គ្រឿងម៉ាក Vfone ពណ៌ត្រួយចេក និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផង។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននគរបាល យកមករក្សាទុក និងកសាងសំណុំរឿង បញ្ជូនបន្តមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕ អ៊ុ ណូន









