ខេត្តកំពង់ស្ពឺ ៖ មនុស្សចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំតាសាល សហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃាត់ខ្លួនខណៈដែលបុរសសង្ស័យទាំង០២នាក់ខាងលើ កំពុងតែបើកបរគោយន្ត ហើយកម្លាំងធ្វើការឆែកឆេរ រកឃើញអាវុធ AK កាត់ស្វ័យមួយដើម ច្រេសចាប់ទៅហើយ គ្មានបង់ គ្មានគ្រាប់ កាលពីវេលាម៉ោង ១១និង០៥នាទីរំលងអាធ្រាត្រ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងក្រុមហ៊ុន យែលឡូហ្វៀល ស្ថិតនៅក្នុងភូមិជាំ ឃុំតាសាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបុរសសង្ស័យទាំង០២នាក់ខាងលើ គឺកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំតាសាល បានសហការជាមួយកម្លាំងឧស្យានជាតិជួរភ្នំក្រវ៉ាញ និងកម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឃាត់មុខសញ្ញាប្រើប្រាស់អាវុធខាងលើ បានចំនួន០២នាក់ រួមមានឈ្មោះទី០១ ង៉ែត យឹម ភេទប្រុស អាយុ២១ឆ្នាំជាកសិករ រស់នៅក្នុងភូមិប្រចៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០២ឈ្មោះ វុិត វ៉ុន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកសិករ រស់នៅភូមិជាមួយគ្នា ដែលកំពុងដែលបើកគោយន្តកន្ត្រៃមួយគ្រឿង ជិះគ្នា០២ ពេលឃាត់សួរនាំ ឆែកឆេរ ក្នុងនោះនគរបាលស្រុកដកហូតបាន អាវុធAK ០១ដើមកាត់ស្វ័យ គ្មានបង់ និងគ្មានគ្រាប់នោះទេ, អាគុយចំនួន០៤ គ្រឿង, គោយន្តកន្ត្រៃម៉ាក តូយ៉ូតាពណ៌ក្រហម០១គ្រឿង, ខ្សែលួសចំនួន១១ដុំ, អាំងសុីវ៉ាទ័រចំនួន០២គ្រឿង។ ដោយមិនដឹងថាក្រុមជនសង្ស័យ យកសម្ភារៈទាំងអស់នេះទៅធ្វើអ្វីខ្លះនោះទេ។
នគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា សម្ភារៈរួមជាមួយវត្ថុតាង និងជនសង្ស័យទាំង០២នាក់ ខាងលើដែលបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរ រួចកសាងសំណុំរឿងចាត់ការបន្ត ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការ តាមនិតិវិធី៕អ៊ុ ណូន