គណៈប្រតិភូស្នងការនីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ ឯក ង្វៀន វៀតយុង អនុប្រធានស្នងការនីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាមបានចូលជួប សំដែងការគួរសមជាមួយលោកជំទាវ នាយឧត្តមសេនីយ៏ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៤ ។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងស្វាគមន៏ចំពោះដំណើរទស្សនកិច្ចរបស់គណប្រតិភូស្នងការនីតិកម្ម នៃក្រសួងការពារ ប្រទេសវៀតណាម ដែលបាននាំមកនូវទំនាក់ទំនងកិច្ចសហប្រតិ បត្តិការ រវាងកងទ័ពទាំង២។ ពិសេសគឺកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ និងស្នងការនីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាម ស្របតាមពិធីសារ នៃអនុសារណៈយោគយល់របស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ លោកជំទាវបានបន្តទៀតថា ៖ យើងទទួលបាននូវចំណុចមួយចំនួន ល្អៗជាច្រើននៅក្នុងពិធីសារដូចជាធ្វើផ្លាស់ប្តូរបទពិសោធន៏ពីគ្នាទៅវិញទៅមករវាងអ្នកច្បាប់ នៃកងយោធពលខេមរភូមិន្ទ និងអ្នកច្បាប់ កងទ័ពប្រជាជនវៀតណាម ។ លោកជំ ទាវបានជំរាបប្រតិភូឲ្យបានដឹងទៀតថា បច្ចុប្បន្ននៅទូទាំង ខ.ភ.ម យើងបានរៀបចំរចនាសម្ព័ន្ធ ឲ្យមាននាយទាហានផ្នែកច្បាប់នៅទូទាំងបណ្តាកងឯកភាព ដូច្នេះយើងសូមគាំទ្រលើការជួយបណ្តុះបណ្តាលនាយទាហានផ្នែកច្បាប់យើង ពីសំណាក់អ្នកច្បាប់របស់ក្រសួងការពារប្រទេសវៀតណាមដែលបានអនុវត្តនាពេលនេះ ។
លោកវរសេនីយ៍ឯក ង្វៀន វៀតយុង បានថ្លែងថា នៅក្នុងកិច្ចពិភាក្សាការងាររវាងនាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិកម្ពុជា និងស្នងការនីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ គឺបានរួមគ្នាធ្វើយ៉ាងណាឲ្យច្បាប់នៅក្នុងជួរកងទ័ពកាន់ល្អប្រសើរថែមទៀត ពិសេសនាឆ្នាំ ២០២៤តទៅ ។ លោកបានបញ្ជាក់ថា គណៈប្រតិភូស្នងការនីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាមរបស់លោក មានវត្តមាននាពេលនេះ គឺនឹងធ្វើបឋកថា វគ្គបំប៉នជំនាញច្បាប់ជូនដល់នាយទាហាន ខ.ភ.ម នៅសាកលវិទ្យាល័យការពារជាតិ និងនៅសាលានាយ ទាហានសកម្មត្មាតពង ដោយបាននាំយកនូវ ៣ខ្លឹមសារសំខាន់ៗ រួមមាន៖ ខ្លឹមសារទី១ គឺការកសាងច្បាប់ របស់កងទ័ពប្រជាជនវៀតណាមដែលកកើតតាំងពីឆ្នាំ២០១៨, ទី២ ទ្រឹស្ដីមួយចំនួនរបស់ច្បាប់ ក្រសួងការពារជាតិប្រទេសវៀតណាម និងទី៣ ទ្រឹស្ដីលើការធានាអនុវត្តច្បាប់របស់ក្រសួងការពារប្រទេសវៀតណាម ៕
ដោយ៖ប៊ុនលេង និងសុផលមុនី






