ហ្សាការតា៖ នៅថ្ងៃទី១៧ ខែមេសា យ៉ាងហោចណាស់មនុស្ស ៨០០ នាក់នៅក្នុងខេត្តស៊ូឡាវេស៊ី ភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានជម្លៀសចេញបន្ទាប់ពីការផ្ទុះភ្នំភ្លើង Ruang ក្នុងតំបន់នេះ។ អស់រយៈពេលជាច្រើនថ្ងៃភ្នំភ្លើង បានបញ្ចេញកម្អែ និងផេះភ្នំភ្លើងទៅលើមេឃ ភ្នំភ្លើងដែលមានទីតាំងនៅលើកោះ Ruang ចម្ងាយប្រហែល១០០ គីឡូម៉ែត្រពីទីរួមខេត្ត Manado បានផ្ទុះច្រើនជាងបីដងចាប់តាំងពីថ្ងៃអង្គារ។ ការផ្ទុះភ្នំភ្លើងត្រូវបានបង្កឡើងដោយការរញ្ជួយដី នៅលើកោះនេះ ដោយភ្នំនេះបានបញ្ចេញផ្សែងដ៏គ្រោះថ្នាក់ និង “ដុំពពកក្តៅ” ដែលមានកម្ពស់រហូតដល់១.៨ គីឡូម៉ែត្រទៅលើមេឃ។ លោក Heruningtyas បាននិយាយថា កោះ Ruang គឺជាជម្រករបស់អ្នកស្រុកប្រហែល៨៣៨ នាក់ ដែលភាគច្រើននៃពួកគេឥឡូវនេះត្រូវបានជម្លៀសទៅកាន់កោះ តាហ្គូឡាំង Tagulandang ដែលនៅជិតបំផុត៕
ប្រែសម្រួលដោយ. ម៉ុក ម៉ានិច