ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ បានស្លាប់នៅក្នុងទឹកប្រឡាយគ្មានអ្នកណាដឹងសោះ ខណៈដែលនាងមានជំងឺឆ្កួតជ្រូក ហើយដើរមកបាចត្រីក្នុងប្រឡាយម្នាក់ឯង ត្រូវជំងឺឆ្កួតជ្រូករើឡើង ប្រកាច់ឈ្លក់ទឹកស្លាប់ កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងប្រឡាយទឹក ក្នុងស្រែក្បែរភ្លឺ ស្ថិតនៅក្នុងភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បានស្រង់សម្តីសាច់ញាតិបាននិយាយអោយដឹងថា ក្មេងស្រីវ័យក្មេងខាងលើនេះ មានជំងឺប្រចាំកាយឆ្កួតជ្រូក តែងតែប្រកាច់ជាញឹកញាប់ណាស់ ហើយសាច់ញាតិតែងតែព្រួយបារម្ភ។ ស្រាប់តែនៅថ្ងៃកើតហេតុ មានការរាយការណ៍មកនគរបាលថា មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ដែលជនរងគ្រោះមានឈ្មាះ សយ ចាន់ណារី ភេទស្រី អាយុ១៩ឆ្នាំ ជាសិស្ស (ជាមនុស្សមានជំងឺឆ្កួតជ្រូក) មានទីលំនៅក្នុងភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សាច់ញាតិនារីរងគ្រោះនិយាយថា បានបាត់នាងពីផ្ទះដោយថាទៅបាចត្រី និងជីកក្តាម ដោយយកចបកាប់ទៅជាមួយក៏បាត់រហូត ស្រាប់តែមានគេប្រទះឃើញនាងលង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ។
បន្ទាប់ពីមានការរាយការណ៍រួច នគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ឃើញនារីរងគ្រោះបានលង់ទឹកស្លាប់មែន ដោយ
មូលហេតុនារីរងគ្រោះខាងលើជាមនុស្សមានជំងឺឆ្កួតជ្រូក ហើយបានទៅបាចត្រីក្នុងប្រឡាយខាងត្បូងភូមិបាំងណា ចម្ងាយជាង២០០ម៉ែត្រ នៅពេលកំពុងបាចត្រីក៏ប្រកាច់ដួលផ្កាប់មុខទៅក្នុងទឹក បណ្តាលអោយឈ្លក់ទឹកស្លាប់តែម្តងទៅ។
ក្រោយពិនិត្យរួច មិនឃើញមានស្លាកស្នាមអ្វីនោះទេ ហើយសាច់ញាតិក៏បានអះអាងថានាងមានជំងឺឆ្កួតជ្រូកមែន នគរបាលបានប្រគល់សពអោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន






