ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមា ញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ ស្ថិតនៅភូមិអង្រ្កង ឃុំកន្រ្ទាំង ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។
បញ្ញវន្តរូបនេះបានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៧ ក្រោយ ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តជលផល នៅចុងឆ្នាំ២០១៦ ដោយបានចាប់ផ្តើមពីការចិញ្ចឹមមេពូជចំនួន៣០គូ។ បច្ចុប្បន្នលោកមានមេពូជកើនដល់ ២០០០ ក្បាល និងមេពូជបម្រុងចំនួន ៥០០០ក្បាល នៅលើផ្ទៃដីប្រមាណ ២៥០០ម៉ែត្រក្រឡា។
ជាមធ្យមក្នុងមេពូជ ២០០០ ក្បាល លោកអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូនបានចំណូលប្រចាំខែប្រមាណ ២០០០ដុល្លារអាមេរិក។ លោកបានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី ថាបញ្ហាក្នុងការចិញ្ចឹមកង្កែបគឺបញ្ហាតម្លៃចំណី ព្រោះប្រើចំណីដែលបាននាំចូលពីក្រៅ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចាត់ឱ្យរដ្ឋបាលជលផលបញ្ជូនមន្រ្តីបច្ចេកទេស មកបង្រៀនកសិករពីរបៀបលាយចំណីដោយ ខ្លួនឯង តាមបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងមានផលចំណេញខ្ពស់៕ប្រភពក្រសួងកសិកម្ម
សំ វណ្ណា






