ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា មិនដែលបានសន្យាដោះលែងអ្នកជាប់ឃុំ ១ម៉ឺននាក់នោះទេ ផ្ទុយពីអ្វីដែលអង្គការក្រៅរដ្ឋាភិបាលចំនួនពីរបានលើកឡើងនាពេលថ្មីៗនេះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះសារលើផេកហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះ និងបានស្នើអង្គការចំនួនពីរ គឺអង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ឲ្យត្រួតពិនិត្យឡើងវិញនូវសុក្រឹត្យភាព និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការចេញសេចក្តីថ្លែងការណ៍ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងខុសពីការពិតនេះ។
លោក ជិន ម៉ាលីន បន្តថា យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ មិនមែនជាយុទ្ធនាការដោះលែងអ្នកទោស តាមការទាមទារនោះទេ តែជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមតុលាការ ដោយផ្អែកលើមូលដ្ឋាន និងនីតិវិធីដែលមានជាធរមាន និងប្រកាន់ភ្ជាប់នូវអភិក្រមលឿន ឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយប៉ុណ្ណោះ ។
លោក ជិន ម៉ាលីន ក៏បានរំលឹកពីការព្រមានរបស់សម្តេចតេជោ និងសម្តេចក្រឡាហោម ផងដែរ ពាក់ព័ន្ធនឹងការលើកឡើងរបស់អង្គការទាំងពីរនោះថា «ការដកស្រង់ដោយខុសពីការពិត និងខ្លឹមសារដើមទាំងស្រុង ដែលអាចបង្កប់នូវចេតនាទុច្ចរិត និងនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ»៕
សំអាង