ខេត្តកណ្តាល ៖ ក្រុមចោរវាយ និងគប់ដុំថ្ម ប្លន់យកម៉ូតូដ៏សកម្មនៅតាមផ្លូវជាតិលេខ២១ ក្នុងភូមិសាស្ត្រស្រុកស្អាង ចំនួន៤នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុមចោរខាងលើ បានធ្វើសកម្មភាពតាមវាយបុរសម្នាក់ប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេចដោយសារប្រជាពលរដ្ឋជួយអន្តរាគមន៍ទាន់ ។
អំពើប៉ុនប៉ងវាយប្លន់យកម៉ូតូនេះ បានកើតឡើងកាលវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីខាងលើមានឈ្មោះ ខ្វែក សុភ័ក្រ្ដ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែក្រុមចោរ មានគ្នា៧នាក់ ក្នុងនោះត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន៤នាក់
ទី១-ឈ្មោះរិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅផ្ទះជួល ភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អង ខេត្តកណ្ដាល។
ទី២-ឈ្មោះ ខៀវ គីមឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទី២-ឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ និង
ទី៤-ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល។
ចំណែកបក្ខពួកគេ៣នាក់ទៀតដែលបានរត់គេចខ្លួន
ទី១-ឈ្មោះ រស្មី វិសាល ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទី២-ឈ្មោះ រឿន ដារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ:មិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ និង
ទី៣-ឈ្មោះ ពន្លឺ ហៅ តឿ ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្រោយឃាត់ខ្លួនជនសង្ស័យ៤នាក់ខាងលើ សមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូចំនួន០២គ្រឿង មួយគ្រឿងម៉ាកHONDA c125 ផលិតឆ្នាំ2009 ឡើងតែម2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A8303 (ជារបស់ជនសង្ស័យជិះធ្វើ សកម្មភាព) និងមួយគ្រឿងទៀតម៉ាក HONDA c125 ផលិតឆ្នាំ2015 ពាក់ស្លាកលេខ (របស់ជនសង្សយ័ធ្វើសកម្មភាព) ព្រមទាំងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកNចុចពិល (ជារបស់ឈ្មោះខៀវគីមឡុង) ។
លោកអធិការ បានឱ្យដឹងទៀតថា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ បានជិះ ម៉ូតូ ម៉ាកHONDA c125 សេរីឆ្នាំ២០១៨ មកដល់ភូមិកោះគរឃុំរកាខ្ពស់ ក៏ជួបក្រុមជនសង្ស័យខាងលើ (ជិះម៉ូតូ៣គ្រឿង) ធ្វើសកម្មភាពដេញវាយជនរងគ្រោះរហូតមកដល់ភូមិព្រែកត្រែងឃុំសិត្បូ ក៏ដួលម៉ូតូ ភ្លាមនោះជនរងគ្រោះស្រែកថា ចោរៗ ទើបមានប្រជាពលរដ្ឋចេញមកជួយ រំពេចនោះជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនដោយបន្សល់ទុកម៉ូតូចំនួន០១គ្រឿង នៅកន្លែងកើតហេតុជារបស់ជនសង្ស័យ (វ៉ាន់ឌី) ។ ក្រោយពេលទទួលបានព័ត៌មាន លោកក៏បានដឹកនាំកម្លាំងជំនាញ
ធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ឈ្មោះ រិន វ៉ាន់ឌី ហើយជនសង្ស័យ រិន វ៉ាន់ឌី ក៏បានសារភាពពីបក្ខពួករបស់ ខ្លួន។
លោក សេង សុជាតិ បានបញ្ជាក់ថា ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ រិន វ៉ាន់ឌី ដោយមានការសម្រប សម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល លោកបានដឹកនាំកម្លាំង បន្ដសហការជាមួយ កងកម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងកានគរបាលខេត្ត កណ្ដាល ឈានដល់ការឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់បន្ថែមទៀត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ទាំង០៤ បានសារភាពថា ពួកខ្លួនពិតជាបានដេញវ៉ៃប្លន់យកម៉ូតូពីជនរងគ្រោះ ពិតប្រាកដមែន តែមិនបានសម្រេច ហើយកន្លងមកក្នុងខែ៤ ខែ៦ និងខែ៧ឆ្នាំ២០១៨ (នៅចន្លោះម៉ោង២៣.០០នាទី និង ម៉ោង០១.០០នាទី) ក្រុមរបស់ខ្លួនទាំង០៧នាក់ ធ្លាប់ធ្វើសកម្មភាពវ៉ៃ គប់ដុំថ្មប្លន់យកម៉ូតូចំនួន០៧លើក ក្នុងនោះមិនបាន សំរេចចំនួន០២លើក និងបានសំរេចចំនួន០៥លើក គឺបានម៉ូតូចំនួន០៥គ្រឿង (ZOOMER ០២គ្រឿង ស្កុបពី ០១គ្រឿង HONDA C125 ០២គ្រឿង) រួចយកទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅតាមផ្លូវម្ដុំបឹងត្របែកភ្នំពេញ ។ដោយធ្វើសកម្មភាពនៅចំណុចលើផ្លូវជាតិលេខ២១ស្រុកស្អាង ចំនួន០៦លើក និងនៅគល់ស្ពានព្រែកសំរោងត្រើយ ខាងកើតទន្លេបាសាក់បានសម្រេច ចំនួន០១លើក ។
ចំពោះជនសង្សយ័ទាំង០៤នាក់ខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងកសាងប្រមូលផ្ដុំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ដាំ ជា














