សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណា ចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្ដម Darkey Ephraim Africa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានសម្តែងនូវជំនឿចិត្តថា ក្នុងបេសកកម្មការទូតនៅកម្ពុជានឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសខិតខំជំរុញឱ្យមានការវិយោគ និងលើកកម្ពស់ពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅលើវិស័យ រ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែកើនឡើងថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលខាងមុខ ឯកឧត្តមនឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត ដើម្បីជួបជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយក្នុងការជំរុញពាណិជ្ជកម្ម និងខិតខំធ្វើយ៉ាងណាឱ្យមានការចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរពាក់ព័ន្ធវិស័យសរ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។
ថ្លែងតបនាពេលនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ដើម្បីលើកកម្ពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕
ពិសិដ្ឋ






