នៅរសៀលថ្ងៃចន្ទ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Darius Gaidys ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋលីទុយអានីប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានស្វាគមន៍ និងអបអរឯកឧត្តម Darius Gaidys ដែលចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតលីទុយអានីប្រចាំអាស៊ាន និងបានទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់លីទុយអានីក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ជាពិសេស ពង្រឹងវត្តមានការទូតនៅក្នុងអាស៊ាន។
ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៤ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ហើយសង្ឃឹមពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងលីទុយអានីឱ្យកាន់តែមានទម្ងន់ រួមទាំងតាមរយៈក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប។






