ភ្នំពេញ ៖ យោងតាមសេចក្ដីសម្រេចស្ដីពីការបន្ដការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបញ្ជាក់ថា ការពន្លឿនក្នុងភូមិសាស្រ្តទាំង២ ដែលមានមនុស្សច្រើនកុះករធ្វើការ និងរស់នៅសំដៅបង្កើតឲ្យមានភាពស៊ាំ សហគមន៍ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់ គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជាពិសេសបញ្ចៀសឲ្យបាននូវការបិទខ្ទប់ជាថ្មីសម្រាប់ភូមិសាស្ត្រនេះ»។ ការអនុវត្ត «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ត្រូវធានាឲ្យបាននូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុង ពេលនៃកិច្ចដំណើរការនេះ ពិសេស តាមរយៈគោលការណ៍នាំ យកសេវាទៅកៀកបំផុតជូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាល បានជម្រុញឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសកែ សម្រួលវិធីសាស្ត្រ និងផែនការចាក់វ៉ាក់សាំងឲ្យក្លាយ ទៅជា «យុទ្ធនា ការជាតិចាក់វ៉ាក់សាំង» ដើម្បីចាក់ឲ្យ បានលឿន និងឆាប់ រហ័សក្នុងរយៈពេលខ្លីសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី១៨ ឆ្នាំឡើង ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងទីប្រជុំជនធំនៃខេត្តកណ្តាល។
គិតត្រឹមថ្ងៃទី២៥ មេសា កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១,២៩៥,៦៦០ នាក់៕






