ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកភ្នំស្រួច បានធ្វើការដកហូតម៉ូតូ០១គ្រឿង ម៉ាកSL របស់ជនសង្ស័យចំនួន០២នាក់ បន្ទាប់ពីរត់ចោល បន្សល់ទុកម៉ូតូនៅតាមផ្លូវ ខណៈព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ចក្នុងករណីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីក្នុងហាងលក់ទូរស័ព្ទមួយកន្លែង នៅក្នុងផ្សារត្រពាំងក្រឡឹង ហើយជិះរត់គេច ផ្តួលម៉ូតូទុកចោល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាពិតជា មានករណីចោរកម្ម ឆក់យកទូរស័ព្ទដៃ ដោយក្រុមជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។ ជនសង្ស័យស្លៀកពាក់ស៊ីវិល ជិះម៉ូតូ០១គ្រឿង ម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AQ-1808 នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូចូលមកកន្លែងហាងលក់ទូរស័ព្ទដៃ ដែលមានម្ចាស់ឈ្មោះ ខេង គក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយសួរទិញទូរស័ព្ទម៉ាក OPPO ចំនួន០២គ្រឿង។ ពេលនោះម្ចាស់ហាងឈ្មោះ ខេង គក់ បានយកទូរស័ព្ទឲ្យមើល ក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃចំនួន០២គ្រឿងតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពឆក់នេះ ក្រុមជនសង្ស័យបានរត់ឡើងជិះម៉ូតូ គេចខ្លួនតាមបណ្តោយលើផ្លូវជាតិលេខ៤ មកទិសខាងកើតតែម្តង។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា បន្ទាប់ពីឆក់ហើយភ្លាមៗនោះ ក្រុមជនរងគ្រោះ និងកម្លាំងនគរបាលស្រុកភ្នំស្រួច បានជិះម៉ូតូ និងរថយន្តដេញតាមពីក្រោយ ក្រុមជនសង្ស័យបានមកដល់ចំណុចមុខរោងចក្រកាត់ដេររបស់ក្រុមហ៊ុន វ៉ា សាន អេចខេ ហ្វេកធើរី ខេមបូឌា ស្ថិតនៅក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ស្រាប់តែក្រុមជនសង្ស័យបានចុះពីលើម៉ូតូ និងបានរត់គេចខ្លួន បន្សល់វត្ថុតាងម៉ូតូ SL ១គ្រឿងតែម្តងទៅ។
ចំពោះវត្ថុតាងម៉ូតូ SL ខាងលើ ត្រូវបានជំនាញនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ យកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរកចាប់ក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន៕ អ៊ុ ណូន






